ឌិន & ខូ

ក្រៅពីផលវិបាកឆ្លងដែននៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ ត្រឹមតែក្នុងឆ្នាំ ២០២៥ តែមួយប៉ុណ្ណោះ ការឆបោកតាមអនឡាញត្រូវបានរាយការណ៍ថាបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាខាតបង់ថវិកាអស់ជាង ៤៥ លានដុល្លារអាមេរិក ដែលករណីខ្លះបានឈានដល់ការបង្កផលវិបាកផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប កម្ពុជាបានដាក់ចេញនូវច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលពង្រីកអំណាចអនុវត្តច្បាប់យ៉ាងទូលំទូលាយ និងបង្កើនការទទួលខុសត្រូវតាមផ្លូវច្បាប់សម្រាប់ទាំងបុគ្គល និងអាជីវកម្មដែលប្រតិបត្តិការក្នុងលំហឌីជីថល។

ជាគោលការណ៍គ្រឹះ ច្បាប់នេះផ្តោតលើអំពើបោកបញ្ឆោតដែលធ្វើឡើងតាមរយៈបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការប្រើប្រាស់បណ្តាញអនឡាញ បណ្តាញសង្គម និងប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ដើម្បីទទួលបានប្រាក់កាស ទ្រព្យសម្បត្តិ សេវាកម្ម ឬអត្ថប្រយោជន៍ផ្សេងៗតាមរយៈមធ្យោបាយទុច្ចរិត។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមានវិសាលភាពលើសពីការគ្រាន់តែផ្ដន្ទាទោសលើអំពើឆបោកដោយផ្ទាល់ ពោលគឺ គ្របដណ្តប់ទៅលើប្រព័ន្ធអេកូឡូស៊ីទាំងមូលដែលបង្កលក្ខណៈងាយស្រួលដល់អំពើឆបោកនោះផងដែរ។

ជាឧទាហរណ៍ សកម្មភាពដូចខាងក្រោមនេះត្រូវបានកំណត់ក្នុងច្បាប់យ៉ាងច្បាស់លាស់៖

  • ការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក
  • ការជ្រើសរើសបុគ្គលិក ឬការបណ្តុះបណ្តាលបុគ្គលឱ្យចូលរួមក្នុងអំពើឆបោក; និង
  • ការប្រមូល ឬការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន (ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) សម្រាប់គោលបំណងឆបោក។

វិសាលភាពដ៏ទូលំទូលាយនេះមានន័យថា ការចូលរួមក្នុងដំណាក់កាលដំបូង ឬការចូលរួមដោយប្រយោល ក៏នៅតែអាចប្រឈមនឹងផលវិបាកតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។

ការវិវឌ្ឍន៍សំខាន់មួយទៀត គឺការបន្តពង្រីកការទទួលខុសត្រូវលើសពីកម្រិតបុគ្គល។ នីតិបុគ្គលឥឡូវនេះអាចត្រូវបានគេចាត់ទុកថាមានទោសព្រហ្មទណ្ឌ ប្រសិនបើអំពើឆបោកត្រូវបានប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធ ឬបណ្តាញរបស់ពួកគេ ឬដើម្បីជាផលប្រយោជន៍របស់ក្រុមហ៊ុនពួកគេ។ ចំណុចនេះបង្កើតឱ្យមានហានិភ័យពិតប្រាកដសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងបរិយាកាសឌីជីថល ជាពិសេសក្រុមហ៊ុនដែលជួយសម្រួលដល់អន្តរកម្មរបស់អ្នកប្រើប្រាស់ ឬការចាត់ចែងប្រតិបត្តិការហិរញ្ញវត្ថុ។

វិសាលភាពអនុវត្តក្រៅដែនដី

លក្ខណៈពិសេសបំផុតមួយនៃច្បាប់នេះ គឺវិសាលភាពអនុវត្តក្រៅដែនដី។ ក្រុមហ៊ុនមួយមិនចាំបាច់មានវត្តមានផ្ទាល់នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យច្បាប់នេះមានឥទ្ធិពលមកលើខ្លួននោះទេ។ ច្បាប់នេះអាចនឹងត្រូវអនុវត្តប្រសិនបើ៖

ក. មានអ្នកប្រើប្រាស់ពលរដ្ឋខ្មែរពាក់ព័ន្ធ (ក្នុងនាមជាជនរងគ្រោះ ឬជាអ្នកប្រព្រឹត្ត)

ខ. មានចរន្តសាច់ប្រាក់ហូរចូល ឬចេញពីប្រទេសកម្ពុជា; ឬ

គ. មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធនាគារ ឬហិរញ្ញវត្ថុរបស់កម្ពុជា។

មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធនាគារ ឬហិរញ្ញវត្ថុរបស់កម្ពុជា។ ក្នុងន័យអនុវត្ត នេះមានន័យថាអាជីវកម្មបរទេស ដូចជាវេទិកាអនឡាញ អ្នកផ្តល់សេវាទូទាត់ប្រាក់ និងក្រុមហ៊ុនផ្ដល់សេវាកម្មផ្សេងៗ អាចស្ថិតនៅក្រោមវិសាលភាពនៃច្បាប់កម្ពុជាបាន តាមរយៈសកម្មភាពឌីជីថលរបស់ពួកគេ។

តាមទស្សនៈប្រតិបត្តិការ ផលប៉ះពាល់គឺមានទំហំធំធេងណាស់។ ក្រុមហ៊ុនដែលអនុញ្ញាតឱ្យមានខ្លឹមសារបង្កើតដោយអ្នកប្រើប្រាស់ (user-generated content) ឬសម្របសម្រួលប្រតិបត្តិការផ្សេងៗ ត្រូវតែពិចារណាថាតើប្រព័ន្ធរបស់ពួកគេអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងឆបោកដែរឬទេ។ ការតាមដានដែលខ្សោយ ដំណើរការផ្ទៀងផ្ទាត់មិនគ្រប់ជ្រុងជ្រោយ ឬចន្លោះប្រហោងក្នុងការត្រួតពិនិត្យផ្ទៃក្នុង អាចធ្វើឱ្យអាជីវកម្មរងការស៊ើបអង្កេត បើទោះបីជាមិនមានចេតនាប្រព្រឹត្តខុសក៏ដោយ។

ការចាត់ចែងទិន្នន័យក៏កំពុងក្លាយជាតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ។ អាជីវកម្មដែលប្រមូល និងរក្សាទុកព័ត៌មានអតិថិជន ត្រូវតែធានាថាទិន្នន័យទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ខុស ដើម្បីបង្កើតគណនីបោកប្រាស់ ឬគម្រោងឆបោកផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាធរឥឡូវនេះមានអំណាចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស រួមទាំងការបង្កកប្រតិបត្តិការដែលគួរឱ្យសង្ស័យក្នុងរយៈពេលរហូតដល់ ៤៨ ម៉ោង និង ញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងអំពើឆបោក។

ផ្អែកលើការវិវឌ្ឍន៍ទាំងនេះ អាជីវកម្មគួរតែចាត់វិធានការសកម្មដើម្បីកាត់បន្ថយហានិភ័យ ដែលរួមមាន៖ (ក) ពិនិត្យមើលឡើងវិញនូវគោលនយោបាយផ្ទៃក្នុង និងក្របខ័ណ្ឌអនុលោមភាព; (ខ) ពង្រឹងការយល់ដឹងរបស់បុគ្គលិក និងយន្តការរាយការណ៍ (គ) ធ្វើបច្ចុប្បន្នភាពកិច្ចសន្យា ដើម្បីដោះស្រាយហានិភ័យពាក់ព័ន្ធនឹងការឆបោកជាមួយអ្នកផ្គត់ផ្គង់ និងដៃគូអាជីវកម្ម និង (ឃ) តាមដានប្រតិបត្តិការ និងសកម្មភាពឌីជីថលឱ្យបានដិតដល់ជាងមុន។

ជាចុងក្រោយ ច្បាប់នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ធំមួយ៖ សកម្មភាពឌីជីថលលែងជាសកម្មភាពដែលមានព្រំដែនទៀតហើយ នៅពេលនិយាយអំពីហានិភ័យផ្លូវច្បាប់។

នៅក្រុមហ៊ុន Din & Co យើងរីករាយនឹងជួយអាជីវកម្មក្នុងការវាយតម្លៃហានិភ័យ ពង្រឹងប្រព័ន្ធអនុលោមភាព និងជួយតម្រង់ទិសលើហានិភ័យផ្លូវច្បាប់ក្នុងប្រតិបត្តិការឌីជីថល និងឆ្លងដែនដែលកំពុងមានការកើនឡើង។

សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ
SIN Soromnear
លោកស្រី ស៊ីន សុរម្យនា

សហប្រធាន

Related Articles