Skip to main content

ឌិន & ខូ

នៅពេលដែលអ្នកចុះហត្ថលេខាលើកិច្ចសន្យា ខចែងស្តីពីមជ្ឈត្តការច្រើនតែជាប្រការមួយដែលនៅជិតផ្នែកចុងក្រោយ។ ប៉ុន្តែប្រសិនបើមានវិវាទកើតឡើង ខចែងនោះគឺជាប្រការដែលកំណត់ថាតើភាគីអាចត្រូវចំណាយប្រាក់អស់ប៉ុន្មាន ប្រើពេលយូរប៉ុណ្ណា និងថាតើអ្នកឈ្នះអាចអនុវត្តមជ្ឈត្តវិនិច្ឆ័យនោះបានដែរឬទេ។

1.ជ្រើសរើសស្ថាប័នដែលមានភាពងាយស្រួលសម្រាប់អ្នក

ពាក្យថា “ងាយស្រួល” គឺអាស្រ័យលើកត្តាជាក់ស្តែងបីយ៉ាងគឺ៖ តើសំណុំរឿងអាចដំណើរការលឿនប៉ុណ្ណា តើចំណាយប្រាក់អស់ប៉ុន្មាន ហើយតើស្ថាប័ននោះគ្រប់គ្រងសំណុំរឿងរបស់អ្នកដោយសកម្មប៉ុណ្ណា ឬឱ្យមជ្ឈត្តករចាត់ចែងសំណុំរឿងច្រើនជាង។ សម្រាប់អាជីវកម្មដែលត្រូវដោះស្រាយវិវាទនៅក្នុង ឬជុំវិញតំបន់អាស៊ីអាគ្នេយ៍ នេះជាការប្រៀបធៀបជម្រើសចម្បងបី៖

ស្ថាប័ន ល្អសម្រាប់ រយៈពេល ចំណុចដែលគួរដឹង
មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី (SIAC)Singapore វិវាទអាជីវកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាទូទៅជាជម្រើសគោលក្នុងតំបន់ ~១៣,៨ ខែ ជាមធ្យម1 ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ថាជាស្ថាប័នមួយក្នុងចំណោមស្ថាប័នកំពូលទាំង ៥ ដែលពេញនិយមជាងគេបំផុតនៅលើពិភពលោក។ បានដោះស្រាយសំណុំរឿងថ្មីចំនួន ៦២៥ ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះ ៩១% ជាសំណុំរឿងអន្តរជាតិ។2
មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង (HKIAC)Hong Kong វិវាទដែលភាគីម្ខាងទៀតមានទំនាក់ទំនងជាមួយចិនដីគោក ប្រហាក់ប្រហែលនឹង SIAC3 ជម្រើសសមស្របទូទៅសម្រាប់កិច្ចព្រមព្រៀងដែលមានទំនាក់ទំនងជាមួយចិន។ បានដោះស្រាយសំណុំរឿងថ្មីចំនួន ៣៥២ ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះ ៧៧% ជាសំណុំរឿងអន្តរជាតិ។4
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC)National Commercial Arbitration Centre, Cambodia ប្រតិបត្តិការក្នុងស្រុករបស់កម្ពុជា អចលនទ្រព្យក្នុងស្រុក និងវិស័យក្នុងស្រុកដែលមាន និយតកម្មខ្ពស់ អាស្រ័យលើភាពស្មុគស្មាញនៃសំណុំរឿង5 មជ្ឈមណ្ឌលមជ្ឈត្តការផ្នែកពាណិជ្ជកម្មឯករាជ្យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនដោះស្រាយវិវាទក្នុងវិស័យអចលនទ្រព្យ សំណង់ និងធនាគារ។6

2.តើមជ្ឈត្តករចំនួនប៉ុន្មាននាក់គួរសម្រេចលើសំណុំរឿងរបស់អ្នក?

នេះគឺជាការដោះដូរសាមញ្ញមួយរវាងការចំណាយ រយៈពេល និងភាពហ្មត់ចត់៖

មជ្ឈត្តករម្នាក់

(ទោល)

តែងតាំងបានលឿន ចំណាយទាបជាង (ចំណាយកម្រៃសេវាសម្រាប់មជ្ឈត្តករម្នាក់ជាជាង ៣ នាក់) និងជាទូទៅត្រូវបានជ្រើសរើសសម្រាប់វិវាទដែលមានកម្មវត្ថុទាប ឬមិនសូវស្មុគស្មាញ។ វិធានមជ្ឈត្តការភាគច្រើនកំណត់មជ្ឈត្តករម្នាក់ជាគោល លើកលែងតែកិច្ចសន្យាចែងផ្សេងពីនេះ ឬទំហំទឹកប្រាក់ក្នុងវិវាទ លើសកម្រិតកំណត់ណាមួយ។

មជ្ឈត្តករបីនាក់

វេទិកាមជ្ឈត្តកម្ម

ភាគីនីមួយៗជ្រើសរើសមជ្ឈត្តករម្នាក់ ហើយមជ្ឈត្តករទាំងពីរនោះព្រមព្រៀងលើមជ្ឈត្តករទីបីដែលធ្វើជាប្រធានវេទិកាមជ្ឈត្តកម្ម ឬត្រូវបានតែងតាំងដោយស្ថាប័ន។ កម្រៃសេវាប្រហែលបីដងច្រើនជាងមជ្ឈត្តករទោល និងត្រូវការពេលយូរជាងមុនក្នុងការតែងតាំង ប៉ុន្តែផ្តល់នូវការសម្រេចចិត្តដែលមានតុល្យភាព និងការគិតគូរហ្មត់ចត់ជាង ដែលសាកសមសម្រាប់វិវាទធំៗ ឬស្មុគស្មាញ។

3.កុំច្រឡំរវាង “ច្បាប់គ្រប់គ្រង” និង “ទីកន្លែងធ្វើមជ្ឈត្តការ”

ពាក្យពីរនេះត្រូវបានគេច្រឡំជាទូទៅ ហើយការច្រឡំនេះគឺជាមូលហេតុទូទៅមួយដែលធ្វើឱ្យខចែងមានបញ្ហា។ សូមមើលខាងក្រោមនេះ៖

ច្បាប់គ្រប់គ្រង

សំដៅលើក្របខ័ណ្ឌច្បាប់ដែលវេទិកាមជ្ឈត្តកម្មប្រើប្រាស់ដើម្បីដោះស្រាយសំណុចសារធាតុនៃវិវាទ។ ប៉ុន្តែនៅក្នុងមជ្ឈត្តការ មិនមែនមានត្រឹមតែច្បាប់ដែលត្រូវអនុវត្តមួយនោះទេ គឺអាចមានច្រើន ដែលនីមួយៗអាចអនុវត្តទៅលើទិដ្ឋភាពផ្សេងៗគ្នានៃដំណើរការ។

ទីកន្លែងធ្វើមជ្ឈត្តការ

ទីតាំងស្របច្បាប់នៃដំណើរការមជ្ឈត្តការទាំងមូល។ ទីកន្លែងនេះជាអ្នកកំណត់ថាតើតុលាការនៃប្រទេសណាដែលមានសមត្ថកិច្ចត្រួតពិនិត្យលើដំណើរការនីតិវិធី (ឧទាហរណ៍៖ ក្នុងការជំនុំជម្រះលើបណ្តឹងជំទាស់នឹងមជ្ឈត្តវិនិច្ឆ័យស្ថាពរ) និងកំណត់ថាតើវិធាននីតិវិធីនៃប្រទេសណាដែលត្រូវយកមកអនុវត្ត។ ទីកន្លែងនេះមិនចាំបាច់ត្រូវតែជាប្រទេសតែមួយជាមួយច្បាប់គ្រប់គ្រងកិច្ចសន្យានោះទេ ហើយសវនាការជាក់ស្តែងក៏អាចធ្វើឡើងនៅទីកន្លែងផ្សេងបានផងដែរ។

តើច្បាប់គ្រប់គ្រងមួយណាដែល “ល្អបំផុត”?

សំណួរនេះមិនមានចម្លើយល្អបំផុតមួយនោះទេ ព្រោះអាស្រ័យលើកិច្ចព្រមព្រៀង ប៉ុន្តែខាងក្រោមនេះជាចំណុចដែលអាជីវកម្មអាចពិចារណាបាន

  • ច្បាប់អង់គ្លេស៖

    ជាស្តង់ដារពាណិជ្ជកម្មអន្តរជាតិឈានមុខគេ។ មានយុត្តិសាស្ត្រតុលាការច្រើនដែលផ្តល់នូវភាពព្យាករណ៍បានខ្ពស់ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មឆ្លងដែន។

  • ច្បាប់សិង្ហបុរី

    ជាជម្រើសអព្យាក្រឹតទូទៅសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់អាស៊ី។ មានភាពទំនើបខាងពាណិជ្ជកម្ម និងស័ក្តិសមបំផុតក្នុងការជ្រើសរើសទន្ទឹមគ្នាជាមួយប្រទេសសិង្ហបុរីជាទីកន្លែងធ្វើមជ្ឈត្តការផ្លូវការ ក្រោមច្បាប់ស្តីពីមជ្ឈត្តការអន្តរជាតិរបស់សិង្ហបុរី។

  • ច្បាប់កម្ពុជា៖

    ជាជម្រើសសំខាន់សម្រាប់ប្រតិបត្តិការក្នុងស្រុកនៅកម្ពុជា ដែលពាក់ព័ន្ធនឹងអចលនទ្រព្យ ឬប្រតិបត្តិកាអាជីវកម្មដែលស្ថិតក្រោមបទប្បញ្ញត្តិប្រទេសកម្ពុជា។ ការជ្រើសរើសទីកន្លែងធ្វើមជ្ឈត្តការនៅរាជធានីភ្នំពេញ ក្រោមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មឆ្នាំ ២០០៦ (ដែលយកតាមច្បាប់គំរូ UNCITRAL) មានភាពស៊ីសង្វាក់គ្នាយ៉ាងល្អជាមួយវិធានរបស់ NCAC ដើម្បីធានាឱ្យការអនុវត្តសេចក្តីសម្រេចនៅក្នុងស្រុកមានភាពងាយស្រួល និងមិនស្មុគស្មាញ។

4.កុំឱ្យខចែងរបស់អ្នកមានបញ្ហាតាំងពីថ្ងៃដំបូង

ខចែងដែលមានបញ្ហា គឺជាខចែងដែលមានចន្លោះប្រហោង ឬភាពផ្ទុយគ្នា ដែលបណ្តាលឱ្យមានភាពមិនច្បាស់លាស់ ឬធ្វើឱ្យមិនអាចអនុវត្តបាន នៅពេលដែលអ្នកត្រូវការអនុវត្តខចែងនោះ។ រឿងនេះតែង កើតឡើងនៅពេលដែលខចែងត្រូវបានចម្លង ឬព្រាងឡើងដោយពុំមានការគិតគូរគ្រប់គ្រាន់។

ចំណុចសំខាន់ៗដែលត្រូវពិនិត្យមុនពេលអ្នកចុះហត្ថលេខា

  • ខចែងដាក់ឈ្មោះស្ថាប័នមជ្ឈត្តការដែលលែងមានវត្តមានទៅហើយ។
  • បានចែងថាវិវាទត្រូវដោះស្រាយនៅ “តុលាការ” នៅក្នុងបន្ទាត់មួយ និងទៅ “មជ្ឈត្តការ” នៅក្នុងបន្ទាត់មួយទៀត។
  • មិនបានចែងថា កន្លែងដែលមជ្ឈត្តការនឹងត្រូវធ្វើឡើងនៅឯណា តើមជ្ឈត្តករមានចំនួនប៉ុន្មាននាក់ ឬវិធានស្តីពីមជ្ឈត្តការណាដែលត្រូវអនុវត្តនោះទេ។

Sources

  1. Aceris Law, The Duration of Arbitration.
  2. The 2025 International Arbitration Survey: The Path Forward – Conflict of Laws.
  3. HKIAC, Costs and Duration.
  4. The 2025 International Arbitration Survey: The Path Forward – Conflict of Laws.
  5. NCAC, Arbitration Rules (EN).
  6. NCAC, Why Arbitration.
Related Articles