ឌិន & ខូ

នាថ្ងែទី ១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងលេខ ០០១ សហវ.ស.ជ.ណ.អពដ ស្តីពីការបន្តពន្យារពេលការអនុវត្តពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យមួយចំនួន។ ការសម្រេចនេះមានគោលបំណងបន្តសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន (បុរី) ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងដើម្បីបន្តគាំទ្រដល់វិស័យអចលនទ្រព្យ។ តាមរយៈការបន្តផ្តល់ការអនុគ្រោះពន្ធនេះ រាជរដ្ឋាភិបាលមានបំណងរក្សានូវសន្ទុះទីផ្សារ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ម្ចាស់លំនៅឋាន ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

១. វិសាលភាពអនុវត្ត និងកាលបរិច្ឆេទ

សេចក្តីជូនដំណឹងនេះអនុវត្តចំពោះម្ចាស់អចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន (បុរី) និងអ្នកទិញផ្ទះ ឬខុនដូ។ ការលើកលែង ដែលដំបូងឡើយត្រូវអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ពេលនេះត្រូវបានពន្យារពេលជាផ្លូវការរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។.

២. លក្ខខណ្ឌសំខាន់ៗ និងការអនុគ្រោះ

ដើម្បីទទួលបានការអនុគ្រោះពន្ធនេះ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ត្រូវបំពេញតាមលក្ខខណ្ឌជាក់លាក់ដូចខាងក្រោម៖

  • អ្នកទិញលំនៅឋានលើកដំបូង៖ ការពន្យារពេលការអនុវត្តពន្ធប្រថាប់ត្រានៅតែបន្តមានប្រសិទ្ធភាពសម្រាប់បុគ្គលដែលទិញលំនៅឋានដំបូង ឬធ្វើការផ្ទេរកម្មសិទ្ធិជាលើកដំបូង។
  • ការទិញលំនៅឋានថ្មីក្នុងឆ្នាំ២០២៦៖ បន្ថែមលើនេះ រាល់បុគ្គលផ្សេងទៀតដែលទិញលំនៅឋានក្នុងបុរី ឬខុនដូ ក្នុងអំឡុងឆ្នាំ២០២៦ ក៏មានសិទ្ធិទទួលបានការលើកលែង និងការការអនុគ្រោះពន្ធដារផ្សេងៗទៀតផងដែរ។
កម្រិតតម្លៃអចលនទ្រព្យ៖

ក. លើកលែងពន្ធប្រថាប់ត្រាលើលំនៅឋាន (បុរី ឬខុនដូ) ដែលមានតម្លៃក្រោម ឬស្មើ ២១០.០០០ ដុល្លារអាមេរិក ។.

ខ. អនុគ្រោះពន្ធប្រថាប់ត្រាលើលំនៅឋាន (បុរី ឬខុនដូ) ដែលមានតម្លៃលើសពី ២១០.០០០ ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដក ទឹកប្រាក់ចំនួន ២១០.០០០ ដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។

គ. ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានទីពីរ ឬបន្តបន្ទាប់ ត្រូវបានអនុញ្ញាតឱ្យដក ទឹកប្រាក់ចំនួន ៧០.០០០ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។

៣. ផលប៉ះពាល់លើការគ្រប់គ្រងអចលនទ្រព្យ

ម្ចាស់អចលនទ្រព្យ និងអ្នកគ្រប់គ្រង គួរតែធានាថារាល់ឯកសារផ្ទេរកម្មសិទ្ធិត្រូវបានដាក់ស្នើក្នុងអំឡុងពេលនៃការពន្យារពេលនេះ (មុនដំណាច់ឆ្នាំ២០២៦) ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះទាំងនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថាម្ចាស់អចលនទ្រព្យ និងសាធារណជនទាំងអស់នឹងយកចិត្តទុកដាក់លើការជូនដំណឹងទាំងនេះ ហើយអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ដើម្បីធានាបាននូវភាពរលូននៃដំណើរការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។

Important Note: ទោះបីនេះជាព័ត៌មានដ៏ល្អសម្រាប់អ្នកដែលមានបំណងទិញ ឬលក់ផ្ទះ និងខុនដូក្នុងឆ្នាំ២០២៦ ក៏ដោយ វាជាការសំខាន់ដែលត្រូវជ្រាបផងដែរថា ការអនុគ្រោះទាំងនេះមានផ្តល់ជូនតែចំពោះអចលនទ្រព្យដែលបានទិញពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតែប៉ុណ្ណោះ។.

ប្រសិនបើលោកអ្នកត្រូវការជំនួយវិជ្ជាជីវៈ?

ប្រសិនបើលោកអ្នកត្រូវការជំនួយវិជ្ជាជីវៈក្នុងការកំណត់អំពីសិទ្ធិទទួលបានការលើកលែងពន្ធ ឬការណែនាំអំពីផ្លូវច្បាប់ និងការធ្វើកិច្ចសន្យាសម្រាប់ប្រតិបត្តិការទិញ-លក់ ឬការផ្ទេរដីធ្លី ក្រុមការងាររបស់យើងខ្ញុំ ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការណែនាំជូនអ្នក។

សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ
SIN Soromnear
លោកស្រី ស៊ិន សុរម្យនា

សហប្រធាន

Related Articles