ឌិន & ខូ

នៅថ្ងែទី១៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ស្តីពីការគ្រប់គ្រងទារកដ្ឋាន។ សេចក្តីសម្រេចនេះដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងផ្តល់ឱកាសដល់ការលូតលាស់និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ទារកនិងកុមារតូច ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្ស កាត់បន្ថយបន្ទុក និងផ្តល់ពេលវេលាដល់មាតាបិតាឬអ្នកអាណាព្យាបាលមានឱកាសធ្វើការងាររកប្រាក់ចំណូលនិងប្រកបការងារផ្សេងៗ។

១. វិសាលភាពអនុវត្ត និងប្រភេទទារកដ្ឋាន

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់ទារកដ្ឋានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទារកដ្ឋានត្រូវបានបែងចែកជា ៣ ប្រភេទផ្អែកលើការគ្រប់គ្រងនិងគោលបំណង៖

  • ទារកដ្ឋានសហគមន៍៖ ការថែទាំទារកនិងកុមារតូចនៅតាមសហគមន៍ បង្កើតឡើងដោយដីការបស់រដ្ឋបាលមូលដ្ឋាន
  • ទារកដ្ឋានសហគ្រាស ការថែទាំទារកនិងកុមារតូចដែលបង្កើតឡើងដោយក្រុមហ៊ុន/សហគ្រាសស្របតាមតម្រូវការនៃច្បាប់ការងារ។ និង
  • ទារកដ្ឋានឯកជន៖ បង្កើតឡើងដោយរូបវន្តបុគ្គលឬនីតិបុគ្គលឯកជន ដើម្បីផ្តល់សេវាថែទាំទារកនិងកុមារតូច។

សម្រាប់ទារកដ្ឋានដែលកំពុងដំណើរការស្រាប់ មានរយៈពេលយ៉ាងយូរ ៤ (បួន) ឆ្នាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យស្របតាមស្តង់ដាអប្បបរមានៃអនុក្រឹត្យនេះ ។

២. លក្ខខណ្ឌតម្រូវ និងស្តង់ដាសំខាន់ៗ

ដើម្បីធានាសុវត្ថិភាពនិងការអភិវឌ្ឍរបស់កុមារ គ្រប់ទារកដ្ឋានត្រូវអនុលោមតាមលក្ខណវិនិច្ឆ័យបច្ចេកទេសនិងរដ្ឋបាលជាក់លាក់ ៖

Minimum Standards Overview

ក្រុមអាយុ៖ ទារកដ្ឋានត្រូវបានកំណត់ថាជាកន្លែងថែទាំនិងអភិវឌ្ឍទារកនិងកុមារតូចចាប់ពីអាយុ ៣ (បី) ខែ រហូតដល់ ៣៦ (សាមសិបប្រាំមួយ) ខែ ។

បុគ្គលិកសមាមាត្រ៖ អនុក្រឹត្យបានកំណត់ស្តង់ដាអប្បបរមាគឺ បុគ្គលិកយ៉ាងតិច ៤ (បួន) នាក់ សម្រាប់មើលថែទាំទារកនិងកុមារតូចចំនួន ២៥ (ម្ភៃប្រាំ) នាក់ ។

ស្តង់ដាទីកន្លែង៖ ទីតាំងត្រូវមានសុវត្ថិភាព ស្ងប់ស្ងាត់ មានអនាម័យ មានខ្យល់ចេញចូល និងពន្លឺថ្ងៃគ្រប់គ្រាន់ ។ ទីកន្លែងត្រូវមានបន្ទប់រដ្ឋបាល បន្ទប់បំបៅ បន្ទប់ទឹក បន្ទប់ចម្អិនអាហារ ទីធ្លាលេង បន្ទប់គេង និងបន្ទប់ឬប្រអប់សង្គ្រោះបឋម ។

ផែនការដែលតម្រូវ៖ គ្រប់ទារកដ្ឋានត្រូវមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំ និងកម្មវិធីអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍ រាងកាយនិងសុខភាព វប្បធម៌ និងសីលធម៌ សង្គមនិងអារម្មណ៍ ការពិចារណា និងការយល់ដឹង និងផ្នែកភាសា) ។

សុខភាពនិងសុវត្ថិភាព៖ បុគ្គលិកត្រូវសហការជាមួយមាតាបិតាដើម្បីឱ្យកុមារទទួលការចាក់វាក់សាំងបង្ការជំងឺផ្សេងៗ។ ក្នុងករណីមានគ្រោះថ្នាក់ចៃដន្យ បុគ្គលិកត្រូវផ្តល់ការសង្គ្រោះបឋម និងផ្តល់ព័ត៌មានទៅមាតាបិតាឱ្យបានរហ័ស និងបញ្ជូនកុមារទៅមន្ទីរពេទ្យជំនាញដែលនៅជិតបំផុត។

ស្ថាប័នមានសមត្ថកិច្ច និងការត្រួតពិនិត្យ

ភារកិច្ចគ្រប់គ្រង និងអធិការកិច្ចត្រូវបានបែងចែករវាងក្រសួងជាក់លាក់ ដើម្បីធានាបាននូវអនុលោមភាព៖

  • ក្រសួងអប់រំ យុវជន និងកីឡា មានសមត្ថកិច្ចគ្រប់គ្រង និងចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើ ទារកដ្ឋានសហគមន៍ និងទារកដ្ឋានឯកជន ។
  • ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ មានសមត្ថកិច្ចគ្រប់គ្រង និងចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើ ទារកដ្ឋានសហគ្រាស ស្របតាមច្បាប់ការងារ ។

ម្ចាស់ទារកដ្ឋាន គួរពិនិត្យមើលឡើងវិញនូវសម្ភារៈ បរិក្ខារ និងឯកសារនានា ដើម្បីធានាថាស្របតាមស្តង់ដាជាតិថ្មីនេះឱ្យបានត្រឹមឆ្នាំ២០២៩ ។ មាតាបិតា ក៏គួរស្វែងយល់ពីស្តង់ដាទាំងនេះ ដើម្បីធានាថាបុត្រធីតារបស់ខ្លួនទទួលបានការថែទាំប្រកបដោយគុណភាព ។

ប្រសិនបើលោកអ្នកត្រូវការជំនួយវិជ្ជាជីវៈ?

ប្រសិនបើលោកអ្នកត្រូវការជំនួយវិជ្ជាជីវៈក្នុងការបង្កើតទារកដ្ឋាន ឬការប្រឹក្សាយោបល់អំពីរបៀបអនុវត្តសិទ្ធិរបស់លោកអ្នកក្នុងនាមជាមាតាបិតា ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការណែនាំជំនាញ។

សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ
SIN Soromnear
លោកស្រី ស៊ីន សុរម្យនា

សហប្រធាន

Related Articles