ឌិន & ខូ

នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងស្នាក់នៅដែលប្រមូលផ្តុំ។ បទប្បញ្ញត្តិថ្មីនេះមានគោលបំណងធានានូវសន្តិសុខសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដោយកំណត់នូវតម្រូវការបច្ចេកទេស និងការតាមដានជាក់លាក់លើតំបន់ស្នាក់នៅដែលមានមនុស្សរស់នៅច្រើន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនអន្តរជាតិបានកេងចំណេញកាន់តែខ្លាំងឡើងលើបរិវេណលំនៅដ្ឋានឯកជន ខុនដូ និងបុរី ដើម្បីធ្វើជាទីតាំង "មជ្ឈមណ្ឌលឆបោក" ខុសច្បាប់។ ប្រតិបត្តិការទាំងនេះជារឿយៗមានការទាក់ទងនឹងការឆបោកតាមរូបិយប័ណ្ណនិម្មិត (Virtual Currency) គម្រោងបោកប្រាស់បែប "Pig Butchering" និងការបង្ខំឱ្យធ្វើពលកម្មលើជនរងគ្រោះនៃការជួញដូរមនុស្ស។ តាមរយៈការតម្រូវឱ្យម្ចាស់អចលនទ្រព្យផ្ទៀងផ្ទាត់ស្ថានភាពស្របច្បាប់នៃអ្នកស្នាក់នៅទាំងអស់ និងរក្សាទុកទិន្នន័យរយៈពេល ៩០ ថ្ងៃសម្រាប់ការផ្ទៀងផ្ទាត់ រាជរដ្ឋាភិបាលមានគោលបំណងលុបបំបាត់សកម្មភាពខុសច្បាប់ទាំងនេះ ការពារសុវត្ថិភាពសាធារណៈ ព្រមទាំងស្តារកេរ្តិ៍ឈ្មោះអន្តរជាតិ និងទំនុកចិត្តវិនិយោគិនរបស់កម្ពុជា។

១. វិសាលភាពនៃការអនុវត្ត

អនុក្រឹត្យនេះអនុវត្តចំពោះប្រធានអង្គភាព ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅតាមទីតាំងប្រមូលផ្តុំទាំងអស់ក្នុងប្រទេសកម្ពុជា។ ទីតាំងទាំងនេះរួមមាន៖ បុរី ខុនដូ អាផាតមិន រមណីយដ្ឋាន រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ និងផ្ទះសំណាក់។ល។

ក្រសួងមហាផ្ទៃ គឺជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការដឹកនាំការអនុវត្តអនុក្រឹត្យនេះ។ ហើយក្រសួងបានធ្វើប្រតិភូកម្មអំណាចក្នុងការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។

២. តម្រូវការ និងដំណើរការអនុវត្ត

ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកគ្រប់គ្រងទាំងអស់មានកាតព្វកិច្ចក្នុងការធានាសន្តិសុខ និងត្រូវអនុវត្តតាមតម្រូវការដូចខាងក្រោម៖

  • ធ្វើកំណត់ត្រាការស្នាក់នៅ ម្ចាស់ និងអ្នកគ្រប់គ្រងត្រូវកត់ត្រាអ្នកស្នាក់នៅទាំងអស់ក្នុងទម្រង់ជាបញ្ជីក្រដាស ឬប្រព័ន្ធអេឡិចត្រូនិក និងផ្តល់បញ្ជីទាំងនេះដល់អាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់។
  • តម្រូវការរាយការណ៍៖ អ្នកគ្រប់គ្រងត្រូវរាយការណ៍អំពីការផ្លាស់ប្តូរស្ថានភាពអ្នកស្នាក់នៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងត្រូវរាយការណ៍ពីវត្តមានរបស់ជនបរទេសណាម្នាក់ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការមកដល់នៃជនបរទេសនោះ។
  • ការផ្ទៀងផ្ទាត់ឯកសារជនបរទេស៖ មុននឹងអនុញ្ញាតឱ្យចូលស្នាក់នៅ អ្នកគ្រប់គ្រងត្រូវធានាថាជនបរទេសបានផ្តល់ឯកសារបញ្ជាក់ពីការស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា។
  • ប្រព័ន្ធសន្តិសុខ៖ ទីតាំងស្នាក់នៅត្រូវមានប្រព័ន្ធសន្តិសុខត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស។
  • ការរក្សាទុកទិន្នន័យ៖ ទិន្នន័យកាមេរ៉ាសុវត្ថិភាព (CCTV) ត្រូវរក្សាទុកយ៉ាងហោចណាស់ ៩០ ថ្ងៃ ហើយកំណត់ហេតុនៃការចេញ-ចូលរបស់អ្នកស្នាក់នៅ ត្រូវរក្សាទុកយ៉ាងហោចណាស់ ១ ឆ្នាំ សម្រាប់ការត្រួតពិនិត្យរបស់អាជ្ញាធរ។
៣.ទណ្ឌកម្ម និងការផាកពិន័យ

យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅទីតាំងរស់នៅប្រមូលផ្តុំ ម្ចាស់ ឬអ្នកគ្រប់គ្រងដែលខកខានក្នុងការថែទាំប្រព័ន្ធសន្តិសុខ ឬមានការធ្វេសប្រហែសក្នុងការបំពេញកាតព្វកិច្ច អាចនឹងត្រូវរងការផាកពិន័យជាប្រាក់ចំនួន ៤០០.០០០ រៀល (ប្រហែល ១០០ ដុល្លារអាមេរិក)ដោយមិនទាន់គិតដល់សំណងការខូចខាតផ្សេងៗដែលបង្កឡើងដោយការធ្វេសប្រហែសនោះ។ លើសពីនេះ ចំពោះការលាក់បាំងដោយចេតនា ឬការអនុញ្ញាតឱ្យជនបរទេសខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្នាក់នៅ នឹងត្រូវផាកពិន័យជាប្រាក់ចំនួន ៤.០០០.០០០ រៀល (ប្រហែល ១,០០០ ដុល្លារអាមេរិក) ក្នុងជនបរទេសម្នាក់។ ការផាកពិន័យនេះត្រូវបានអនុវត្តដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀតឡើយ។

រីឯមន្ត្រីណាម្នាក់ដែលត្រូវបានរកឃើញថាបានលាក់បាំងវត្តមានជនបរទេសខុសច្បាប់ក្នុងទីតាំងទាំងនេះ នឹងត្រូវបណ្តេញចេញពីតំណែង ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗ។


ប្រសិនបើលោកអ្នកត្រូវការជំនួយវិជ្ជាជីវៈដើម្បីធានាថាប្រព័ន្ធរាយការណ៍ការស្នាក់នៅរបស់លោកអ្នកមានអនុលោមភាពពេញលេញ ក្រុមការងាររបស់យើងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការណែនាំពីអ្នកជំនាញ។

SIN Soromnear
លោកស្រី ស៊ិន សុរម្យនា

សហប្រធាន

Related Articles