កិច្ចសន្យាទ្វេភាសា (Bilingual Contracts) មានភាពពេញនិយមនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងប្រតិបត្តិការដែលមានការចូលរួមពីវិនិយោគិនបរទេស ក្រុមហ៊ុនអន្តរជាតិ ជាមួយនឹងអាជីវករក្នុងស្រុក។ ទោះបីជាការប្រើប្រាស់ពីរភាសាអាចជួយឱ្យមានការយល់ពីគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែកិច្ចសន្យាទ្វេភាសាដែលចងក្រងមិនបានល្អ អាចបង្កជាហានិភ័យគតិយុត្ត និងពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។ ការចងក្រងដោយហ្មត់ចត់ និងការពិនិត្យអនុលោមភាពផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាកិច្ចព្រមព្រៀងទ្វេភាសានោះមានភាពច្បាស់លាស់ អាចអនុវត្តបាន និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ហេតុអ្វីបានជាកិច្ចសន្យាទ្វេភាសាមានសារៈសំខាន់នៅកម្ពុជា?
ក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាពាណិជ្ជកម្មជាច្រើននៅកម្ពុជាអាចត្រូវបានចងក្រងជាភាសាខ្មែរផង និងភាសាបរទេសផង ដែលភាគច្រើនគឺភាសាអង់គ្លេស ឬភាសាចិន។ សម្រាប់ភាគីបរទេស អត្ថបទជាភាសាបរទេសផ្តល់នូវភាពងាយស្រួល និងភាពច្បាស់លាស់។ ចំណែកឯសម្រាប់ភាគីខ្មែរ និងអាជ្ញាធរក្នុងស្រុក អត្ថបទជាភាសាខ្មែរច្រើនតែមានសារៈសំខាន់ជាសារវន្ត ជាពិសេសនៅពេលដែលកិច្ចសន្យាត្រូវបានដាក់ជូនតុលាការ ក្រសួង ឬស្ថាប័នរដ្ឋបាលនានា។ ក្នុងករណីមានវិវាទ ស្ថាប័នក្នុងស្រុកជារឿយៗនឹងផ្អែកលើអត្ថបទភាសាខ្មែរជាចម្បង។
គន្លឹះទី១៖ កំណត់ភាសាដែលមានអាទិភាពឱ្យបានច្បាស់លាស់
ប្រការដែលសំខាន់បំផុតមួយក្នុងកិច្ចសន្យាទ្វេភាសា គឺប្រការស្តីពីភាសា ដែលបញ្ជាក់ថាភាសាមួយណាមានឧត្តមានុភាព ក្នុងករណីមានភាពមិនស៊ីសង្វាក់គ្នា។ បើគ្មានប្រការនេះទេ ភាពខុសគ្នារវាងភាសាទាំងពីរអាចនាំឱ្យមានភាពមិនច្បាស់លាស់ ឬវិវាទ។ ភាគីទាំងឡាយគួរពិចារណាឱ្យបានដិតដល់ថា តើភាសាមួយណាគួរជាភាសាអាទិភាព ដោយត្រូវចងចាំថា តុលាការកម្ពុជាអាចនឹងផ្តល់ទម្ងន់ខ្លាំងជាងទៅលើអត្ថបទភាសាខ្មែរនៅពេលអនុវត្តកិច្ចសន្យានោះ។
គន្លឹះទី២៖ ចៀសវាងការបកប្រែពាក្យបច្ចេកទេសច្បាប់តាមពាក្យមួយៗ
ពាក្យបច្ចេកទេសច្បាប់មិនតែងតែមានពាក្យដែលមានន័យដូចគ្នាបេះបិទសម្រាប់គ្រប់ភាសានោះទេ។ ការបកប្រែតាមពាក្យមួយៗ (word-for-word translation) អាចធ្វើឱ្យខុសអត្ថន័យ ឬបង្កើតឱ្យមានកាតព្វកិច្ចដែលមិនមែនជាគោលបំណងរបស់ភាគី។ នេះគឺជាហានិភ័យ ជាពិសេសនៅពេលបកប្រែប្រការសំខាន់ៗដូចជា ការធានាសងការខូចខាត សិទ្ធិក្នុងការបញ្ចប់កិច្ចសន្យា ការកម្រិតការទទួលខុសត្រូវ និងបទប្បញ្ញត្តិស្តីពីការដោះស្រាយវិវាទ។ ការប្រើប្រាស់សេវាកម្មអ្នកបកប្រែពាក្យច្បាប់ដែលយល់ដឹងទាំងពីរភាសា និងគោលការណ៍ច្បាប់កម្ពុជា នឹងជួយធានាថាគ្រប់កំណែភាសាទាំងអស់ឆ្លុះបញ្ចាំងពីគោលបំណងគតិយុត្តដូចគ្នា។
គន្លឹះទី៣៖ ការអនុលោមកិច្ចសន្យាតាមច្បាប់កម្ពុជា
ទោះបីជាភាគីទាំងឡាយជ្រើសរើសច្បាប់បរទេសមកគ្រប់គ្រងកិច្ចសន្យាក៏ដោយ ក៏ផ្នែកខ្លះនៃកិច្ចសន្យានៅតែត្រូវអនុលោមតាមបទប្បញ្ញត្តិដែលមានអនុភាពបង្ខំនៃច្បាប់កម្ពុជា។ កិច្ចសន្យាទ្វេភាសាគួរត្រូវបានពិនិត្យដោយអ្នកប្រឹក្សាផ្នែកច្បាប់ ដើម្បីបញ្ជាក់ថាប្រការសំខាន់ៗ ដូចជាសមត្ថភាពបុគ្គល កម្មវត្ថុនៃកិច្ចសន្យា លក្ខខណ្ឌនៃការទូទាត់ និងការផាកពិន័យ គឺមានសុពលភាពនិងអនុលោមតាមច្បាប់ក្នុងស្រុក។ កត្តានេះមានសារៈសំខាន់ ជាពិសេសសម្រាប់វិស័យអចលនទ្រព្យ ការងារ កិច្ចព្រមព្រៀងជាមួយអតិថិជន និងកិច្ចសន្យាដែលពាក់ព័ន្ធនឹងវិស័យដែលមានបទប្បញ្ញត្តិគ្រប់គ្រងជាក់លាក់។
គន្លឹះទី៤៖ យកចិត្តទុកដាក់ខ្ពស់លើនិយមន័យ និងប្រការសំខាន់ៗ
ការកំណត់និយមន័យផ្សេងៗ ព្រមទាំងឧបសម្ព័ន្ធ និងឯកសារភ្ជាប់ ភាគច្រើនតែងតែត្រូវបានមើលរំលងក្នុងការចងក្រងកិច្ចសន្យាទ្វេភាសា ប៉ុន្តែវាជាប្រភពទូទៅបំផុតនៃភាពមិនស៊ីសង្វាក់គ្នា។ ភាគីទាំងឡាយគួរបញ្ជាក់ឲ្យច្បាស់ថា ពាក្យដែលបានកំណត់និយមន័យ តួលេខ កាលបរិច្ឆេទ និងលក្ខណៈបច្ចេកទេស គឺដូចគ្នាទាំងស្រុងរវាងភាសាទាំងពីរ។ សូម្បីតែភាពខុសគ្នាត្រឹមតែបន្តិចបន្តួច ក៏អាចបង្កឱ្យមានវិវាទ ការពន្យារពេល ឬការរារាំងដល់ការអនុវត្តកិច្ចសន្យាផងដែរ។
គន្លឹះទី៥៖ ប្រើប្រាស់ទម្រង់ដែលមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងកំណែកិច្ចសន្យា
កិច្ចសន្យាទ្វេភាសាដែលចងក្រងបានល្អ គួរតែបង្ហាញភាសាទាំងពីរឱ្យបានច្បាស់លាស់ និងមានសណ្តាប់ធ្នាប់។ ភាគីទាំងឡាយក៏ត្រូវធានាផងដែរថា កិច្ចសន្យាក្នុងភាសាទាំងពីរត្រូវបានចុះហត្ថលេខា និងចុះកាលបរិច្ឆេទក្នុងពេលតែមួយ ហើយរាល់វិសោធនកម្ម ឬការធ្វើឧបសម្ព័ន្ធបន្ថែម ក៏ត្រូវរៀបចំជាពីរភាសាដូចគ្នា ដើម្បីចៀសវាងការភ័ន្តច្រឡំនៅពេលក្រោយ។
គន្លឹះទី៦៖ ស្វែងរកការពិនិត្យផ្នែកច្បាប់ និងការបកប្រែមុនពេលចុះហត្ថលេខា
សម្រាប់ទាំងភាគីបរទេស និងក្នុងស្រុក ការពិនិត្យដោយអ្នកជំនាញគឺជារឿងចាំបាច់។ ទីប្រឹក្សាច្បាប់អាចវាយតម្លៃពីលទ្ធភាពនៃការអនុវត្តកិច្ចសន្យានោះក្រោមច្បាប់កម្ពុជា ខណៈដែលអ្នកបកប្រែច្បាប់ដែលមានគុណវុឌ្ឍិ អាចធានាបាននូវភាពត្រឹមត្រូវ និងភាពស៊ីសង្វាក់គ្នារវាងការសរសេរភាសានីមួយៗ។ វិធីសាស្ត្ររួមបញ្ចូលគ្នានេះ នឹងកាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យនៃការបកស្រាយខុស ដែលអាចបង្កឲ្យមានវិវាទ ឬការបដិសេធណាមួយដោយអាជ្ញាធរ។
សេចក្តីសន្និដ្ឋាន
កិច្ចសន្យាទ្វេភាសាអាចជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួលអាជីវកម្មឆ្លងដែនក្នុងប្រទេសកម្ពុជា ប៉ុន្តែកិច្ចសន្យាទាំងនោះត្រូវតែចងក្រងឡើងដោយការយកចិត្តទុកដាក់ និងជំនាញច្បាស់លាស់។ តាមរយៈការកំណត់ភាសាដែលមានឧត្តមានុភាពឱ្យបានច្បាស់ ការធានានូវការបកប្រែច្បាប់ឱ្យបានត្រឹមត្រូវ និងការធ្វើឱ្យកិច្ចសន្យាស្របតាមច្បាប់កម្ពុជា នោះភាគីទាំងបរទេស និងក្នុងស្រុកអាចការពារផលប្រយោជន៍របស់ខ្លួន និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មដែលរឹងមាំ និងគួរឱ្យទុកចិត្តបាន។
សហប្រធាន
សហប្រធាន